ភ្នំពេញ – ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នឹងរៀបចំកម្មវិធីប្រកួតនិយាយសាធារណៈ ក្រោមប្រធានបទ “បង្ការការប្រើប្រាស់ថ្នាំជក់” ក្នុងចំណោមសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សា។ កម្មវិធីប្រកួតនិយាយជាសាធារណៈនេះ គឺសម្រាប់បេក្ខជនដែលមាន អាយុចាប់ពី ១៥ឆ្នាំ ដល់ ៣០ឆ្នាំ មិនមែនជាបុគ្គលិក ឬអ្នកពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់ និងគ្រឿងស្រវឹងនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម រស់ សុវាចារ បានបញ្ជាក់ថា កម្មវិធីប្រកួតនិយាយសាធារណៈនេះ បង្កើតឡើងក្នុងគោលបំណង ផ្សព្វផ្សាយផលប៉ះពាល់ នៃការចាប់ដៃគូរវាងគ្រឹះស្ថានសិក្សាជាមួយឧស្សាហករថ្នាំជក់ ។ ទន្ទឹមគ្នានេះ ផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពី ការហាមឃាត់ការប្រើប្រាស់ ផ្សព្វផ្សាយពាណិជ្ជកម្មការតាំងលក់ផលិតផលថ្នាំជក់ កិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងផ្ដល់ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាពក្នុងការនិយាយសាធារណៈ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា សម្រាប់បេក្ខជនជ័យលាភីលេខ១ នឹងទទួលបានថវិកា១លានរៀល និងកុំព្យូទ័រមួយគ្រឿង, ជ័យលាភីលេខ២ នឹងទទួលបាន ថវិកា ៨០ម៉ឺនរៀល និងកុំព្យូទ័រមួយគ្រឿង, ជ័យលាភីលេខ៣ នឹងទទួលបាន ថវិកា ៦០ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿង និងជ័យលាភីលេខ៤ និង ៥រង្វាន់លើកទឹកចិត្ត ក្នុងម្នាក់ ថវិកា ៤០ម៉ឺនរៀល។
ដូច្នេះបេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួម គឺត្រូវសរសេរអត្ថបទដោយកុំព្យូទ័រ ទំហំក្រដាស A4 ពុម្ពអក្សរ Khmer OS Siemreap 12pt និងមិនលើសពី២ទំព័រ អំពីប្រធានបទ “ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់?” សំណេរអត្ថបទត្រូវផ្តោតលើ ៤ចំណុច ដូចជា ទី១. ផលប៉ះពាល់ នៃការប្រើប្រាស់ថ្នាំជក់ ទី២.តើក្រុមហ៊ុនថ្នាំជក់ទាក់ទាញឱ្យមានការប្រើប្រាស់ថ្នាំជក់ជាពិសេសយុវជនដោយរបៀបណាខ្លះ? ទី៣. តើក្រសួងអប់រំ យុវជន និងកីឡា មានសេចក្ដីណែនាំដូចម្តេចខ្លះ អំពីកិច្ចសហការជាមួយឧស្សាហករថ្នាំជក់? ទី៤. ហេតុអ្វីបានជាគ្រឹះស្ថានសិក្សាមិនត្រូវចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់? និងសំយោគមតិ។

បេក្ខជនអាចផ្ញើអត្ថបទរបស់ខ្លួនមកកាន់កម្មវិធីតាមរយៈតេឡេក្រាម ០៩៦ ៣១១៣ ៩៥៧ / ០១២ ៧២៧ ៥៣៣ / ០១២ ៩៨៧ ៤៦៩ ដោយផុតកំណត់ក្នុងការទទួលអត្ថបទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ https://t.me/TI_CSR_BAN_MoEYS ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។