ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃនេះ បានប្រកាសថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
បើតាមក្រសួងអប់រំ ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤។ មុខវិជ្ជាប្រឡងមានចំនួន ៧មុខវិជ្ជា ដោយថ្នាក់វិទ្យាសាស្ត្រមាន ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ក្រសួងបញ្ជាក់ថា ដំណើរការសំណេរទាំងពីរថ្ងៃមានភាពល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសង្កេតការពីអង្គភាពប្រឆាំងអំពើពុករលួយ ការចូលរួមសហការពីកងកម្លាំង សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ បេក្ខជនទាំងអស់ បានគោរពបទប្បញ្ញត្តិនៃការប្រឡង ព្រមទាំងបានប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយស្ទើរតែគ្មានយកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
គិតមកត្រឹមរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ (ស្រី៩១៥នាក់) ពីក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់ (ស្រី៧៤.៨៨២នាក់) ត្រូវជា១,៧៦% នៃបេក្ខជនសរុប។ ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុបចំនួន១.៩៩០នាក់ (ស្រី៧៣៨នាក់) ត្រូវជា៨២,៧១% នៃបេក្ខជនអវត្តមានសរុបទាំងមូល។
បេក្ខជនដែលមានបញ្ហាសុខភាព មានចំនួនសរុប ១៣៦ករណី ដែលក្នុងនោះបេក្ខជនមានបញ្ហាសុខភាព ហើយមិនអាចបន្តការប្រឡងបានចំនួន១០នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមាន២២ករណី បេក្ខជនដែលជួបគ្រោះថ្នាក់ចរាចរណ៍មាន៧ករណី។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព ដែលមិនអាចបន្តភារកិច្ចបាន មានចំនួនសរុប៤៦នាក់។
មណ្ឌលប្រឡងមួយចំនួននៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនី មួយរយៈនៅរសៀលថ្ងៃទី១នៃការប្រឡង តែបានដំណើរការវិញដោយប្រក្រតី។ មណ្ឌលជម្ពូវ័ន្ត រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងត្រូវផ្លាស់ប្តូរបន្ទប់ប្រឡងនៅថ្ងៃទី២ ដោយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចុះអន្តរាគមន៍យ៉ាងសកម្មចំពោះបញ្ហាទឹកលិចនៅតាមមណ្ឌលប្រឡង។
បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬនាំចូលទូរសព្ទក្នុងបន្ទប់ប្រឡង មានចំនួន៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង ហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់មាន៣ករណី។
យ៉ាងណាក៏ដោយ ដំណើរការសំណេរបានបញ្ចប់នៅម៉ោង១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ហើយហឹបសំណៅកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡងនឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីបន្តដំណើរការកំណែ។ ជារួម ដំណាក់កាលសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
បើតាមក្រសួងអប់រំ តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕