ភ្នំពេញ- ក្នុងពិធីប្រគល់ព្រះរាជក្រឹត្យស្តីពីការផ្តល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារដល់គ្រួសារលោក ដាវីដ បេន នៅរដ្ឋបាលខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ដោយកោតសរសើរចំពោះការលះបង់ទាំងកម្លាំងកាយចិន របស់លោកបេន និងក្រុមគ្រួសារ ជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅខេត្តព្រះវិហារ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា លោកបេន និងក្រុមគ្រួសារ ស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបានមកបំពេញការងារនៅកម្ពុជារយៈពេលយូរ បានទទួលការលើកទឹកចិត្តដោយការផ្តល់សញ្ជាតិខ្មែរ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជាបានក្លាយជាផ្ទះរបស់បេន និងក្រុមគ្រួសារ ក្នុងនាមក្រសួងបរិស្ថាន សូមគោរពដឹងគុណនិងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតតាមសំណើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ក្នុងការស្នើសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ។ ឯកឧត្តមបន្តថា សម្តេចតេជោក៏បានទូលថ្វាយព្រះមហាក្សត្រ ហើយព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងក៏បានសព្វព្រះរាជហឬទ័យថ្វាយសញ្ជាតិខ្មែរជូនដល់លោកបេន និងក្រុមគ្រួសារ។
ក្នុងឱកាសនោះ លោក បេន ដាវីដ តំណាងក្រុមគ្រួសាររបស់ខ្លួនដែលមានសមាជិក ៤ រូប បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រនិងលោកទឹកចិត្តលោក។ លោកបេន ដាវីស មានប្រសាសន៍ថា លោកមិននឹកស្មានថា នឹងទទួលបានសញ្ជាតិខ្មែរនោះទេ ហើយលោកពិតជាមានសេចក្តីសប្បាយរីករាយ និងគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់លោក។

លោក បេន ដាវីដ
“យើងខ្ញុំមានភាពកក់ក្តៅ និងមានការលើកទឹកចិត្ត…ខ្ញុំសប្បាយចិត្តក្នុងកិច្ចសហការជាមួយអាជ្ញាធរក្នុងកិច្ចការអភិវឌ្ឍ និងបច្ចុប្បន្នក្នុងកិច្ចការពារអភិរក្សព្រៃឈើ”
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានគូសបញ្ជាក់ថា វាពិតជាស័ក្តិសមបំផុតដែលក្រុមគ្រួសារ លោកបេនទទួលបានសញ្ជាតិខ្មែរ ព្រោះលោកនិងក្រុមគ្រួសារ បានសុខចិត្តចោលស្រុកទេសរបស់ខ្លួនមករស់នៅលើទឹកដីកម្ពុជាប្រមាណ ៣០ ឆ្នាំមកហើយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ថែរក្សាការពារអភិរក្សធនធានធម្មជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា
“នេះគឺជាលទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោក បេន និងក្រុមគ្រួសារផ្ទាល់ផង ក្រោមការយកចិត្តទុកដាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈ របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរដែនដី ជាពិសេសពីអភិបាលខេត្ត អភិបាលស្រុក និងភូមិឃុំផងដែរ”

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញ និងលើកទឹកចិត្តដល់លោក បេន និងក្រុមគ្រួសារ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធបន្តសហការគ្នាល្អលើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយកត់សម្គាល់ថា ការអប់រំ បំភ្លឺ ផ្សព្វផ្សាយពន្យល់នាពេលកន្លងទៅ ប្រជាពលរដ្ឋមានការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ហើយពួកគាត់បានចូលរួមក្នុងការអភិរក្ស។
សូមបញ្ជាក់ថា លោក បេន ដាវីស ជាសញ្ជាតិអាមេរិក ភរិយា និងកូនៗមានសញ្ជាតិអូស្ត្រាលី បានមករស់នៅនិងបានធ្វើការនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ដែលពេលនោះ លោកបេន មានអាយុ ២៧ ឆ្នាំ ហើយគិតរហូតមកដល់ពេលនេះ គឺមានរយៈពេលជិត ៣០ឆ្នាំទៅហើយ។ ទន្ទឹមនេះ លោកបេន ក៏បានមកបំពេញការងារនៅខេត្តព្រះវិហាររយៈពេល ២០ឆ្នាំផងដែរ ដោយគិតចាប់តាំងពីឆ្នាំ២០០២។ លោកបេន និងក្រុមគ្រួសារបាន លះបង់កម្លាំងកាយចិត្ត បញ្ញា និងធនធានផ្ទាល់ខ្លួនដើម្បីបុព្វហេតុមនុស្សធម៌ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការងារសង្គមផ្សេងៗ និងដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែននៃខេត្តព្រះវិហារ និងស្រុកជីក្រែងខេត្តសៀម៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។