ភ្នំពេញ- នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោកពីការប្រកួតប៉េតង់ពីប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃពុធនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្ពុជាកំពុងហ្វឹកហ្វឺនកីឡាករជម្រើសជាតិ ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតិឱ្យគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ដែលជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្យួរការងារនៅអង្គភាព ដើម្បីចូលរួមហាត់ហ្វឹកហ្វឺនពេញម៉ោងតាមកម្មវិធីហាត់ហ្វឹកហ្វឺនក្រុមជម្រើសជាតិ រហូតដល់ចប់ការប្រកួតស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ។
– ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
“ក្រសួងអប់រំក៏បានរៀបចំផ្ដល់អាទិភាពដល់សិស្ស និស្សិត ទាំងការរៀនសូត្រ ការប្រឡង និងការផ្ដល់ពិន្ទុ ដល់កីឡាករ កីឡាការិនី ជម្រើសជាតិដែលកំពុងហាត់ហ្វឹកហ្វឺនក្នុង និងក្រៅប្រទស ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣”

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់បន្តថា ការប្រកួតប៉េតង់លើវិញ្ញាសាវាយយកពិន្ទុ កម្ពុជាបានឈ្នះមេដាយមាស ៥ជំនាន់ជាប់ៗគ្នា ដោយវីរកីឡាការិនី កែ ឡេង រក្សាបាន ៤ជំនាន់ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ កម្ពុជាធ្វើម្ចាស់ផ្ទះ ។ កីឡាការិនី អ៊ុក ស្រីម៉ុម ទទួលមេដាយមាសទី៥ ក្នុងឆ្នាំ២០២១ ដែលជាមេដាយមាសទី៥ ក្នុងកំណត់ត្រាពិភពលោកដ៏អស្ចារ្យរបស់កម្ពុជា ។
រដ្ឋមន្រ្តីក្រសួងអប់រំ បន្ថែមថា កីឡាការិនី អ៊ុក ស្រីម៉ុម ប្រកួតប៉េតង់ដណ្ដើមបានមេដាយមានលើវិញ្ញាសាវាយយកពិន្ទុ ជាមោទនភាពខ្ពស់បំផុតរបស់កម្ពុជាដែលបានរក្សានូវកេត្តនាមជាម្ចាស់មេដាយពិភពលោកពីការប្រកួតកីឡាប៉េតង់ នៅប្រទេសអេស្ប៉ាញ ។ ឯឧត្តមបណ្ឌិតសភាចារ្យ បន្តថា ការទទួលលទ្ធផលគួរជាទីមោទននៈពេលនេះ អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់សមីខ្លួនផ្ទាល់ខិតខំប្រឹងប្រែងប្រចាំថ្ងៃ និងការយកចិត្តទុកដាក់គាំទ្រពីគ្រូបង្វឹក និងការយកចិត្តទុកដាក់គណៈប្រតិភូ ។

គួររំលឹកថា កាលពីថ្ងៃទី១២ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រសួងអប់រំ បានបញ្ជូនប្រតិភូកម្ពុជាចូលរួមប្រកួតកីឡាបេតង់ពិភពលោក នៅប្រទេសអេស៉្បាញ ។ ជាលទ្ធផលកម្ពុជាទទួលបានមេដាយមាសមួយគ្រឿងលើវិញ្ញាវាយយកពិន្ទុ នៅវគ្គផ្ដាច់ព្រ័ត្រ ដោយកីឡាការិនី អ៊ុក ស្រីម៉ុម ឈ្នះកីឡាករថៃលទ្ធផល ៣៧ ទល់ ២៩ ។
គួរជម្រាបជូនថា នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានថវិកាចំនួន ៤០លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា និងទឹកប្រាក់ចំនួន មួយម៉ឺនដុល្លារ ផ្ដល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ។ ដោយឡែក គ្រូបង្វឹក លោក សុខ ម៉ុម ទទួលបានថវិកាចំនួន ៤០លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា និងថវិកាចំនួន ៥ពាន់ដុល្លារ ផ្ដល់ជូនដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ កន្លងទៅមានបទពិសោធន៍ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឱ្យឯកសារ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។