ភ្នំពេញ – នៅសល់រយៈពេលមិនប៉ុន្មានថ្ងៃទៀតទេ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនឹងមកដល់ហើយ ដែលនៅកំឡុងពេលនេះ មានសិស្សមួយចំនួនបានកំពុងត្រៀមខ្លួន និងខ្លះបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រឡងដ៏មានសារៈសំខាន់មួយនេះ។ ចុះសម្រាប់ឪពុកម្តាយដែលមានកូនៗត្រូវចូលរួមប្រឡងបាក់ឌុបវិញ តើពួកគាត់មានអារម្មណ៍យ៉ាងដូចម្តេច ?
អ្នកស្រី ខាត់ ណារ៉ា ជាកសិករមួយរូបរស់នៅខេត្តសៀមរាប ដែលក៏មានកូនត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃពេលខាងមុខនេះ បាននិយាយថា សម្រាប់ការប្រឡងនេះ អ្នកស្រីក៏មានការព្រួយបារម្ភបន្តិចបន្តួចចំពោះកូនផងដែរ ព្រោះតែមណ្ឌលប្រឡងនៅឆ្ងាយពីផ្ទះ ដូច្នេះនៅថ្ងៃប្រឡងបាក់ឌុបខាងមុខនេះ អ្នកស្រីនឹងជូនកូនទៅប្រឡងដោយផ្ទាល់ ។

អ្នកម្តាយរូបនេះ មានបំណងចង់ឱ្យកូនបន្តការសិក្សានៅសាកលវិទ្យាល័យ ប៉ុន្តែដោយសារជីវភាពខ្វះខាត ដូច្នេះគាត់រំពឹងថា កូនប្រុសរបស់គាត់នឹងខិតខំប្រឡងឱ្យជាប់ ព្រមទាំងបាននិទ្ទេសល្អ ដើម្បីអាចទទួលបានអាហារូបករណ៍បន្តការសិក្សាទៀត។
– លោកស្រី ខាត់ ណារ៉ា
“ខ្ញុំខិតខំធ្វើស្រែចម្ការ ត្រៀមលុយកាក់បន្តិចបន្តួចជួយផ្គត់ផ្គង់ឱ្យកូនបានរៀនបន្ត…ហើយក៏មានលទ្ធភាពត្រឹមទិញកង់ឱ្យកូនជិះទៅរៀននៅសាកលវិទ្យាល័យ”
លោក គង់ ហួត ប្រជាកសិកររស់នៅក្នុងខេត្តតាកែវ ដែលមានកូនត្រូវប្រឡងបាក់ឌុបដែរ បានមានប្រសាសន៍ថា លោកលើកទឹកចិត្តកូនឱ្យខំរៀន និងសង្ឃឹមថា គេអាចប្រឡងជាប់ទទួលបានលទ្ធផលល្អ ។ ហើយប្រសិនបើមិនទទួលបានលទ្ធផលល្អវិញ លោកក៏មិនស្ដីបន្ទោសចំពោះកូននោះឡើយ ។

លោកថា ក្រោយបញ្ចប់ការប្រឡងបាក់ឌុបរួច លោកមានបំណងចង់បញ្ជូនកូនឱ្យទៅបន្តការសិក្សានៅសាកលវិទ្យាល័យ ដោយលោកយល់ឃើញថា បច្ចុប្បន្ននេះយុវជន ត្រូវមានចំណេះដឹង ជំនាញពិតប្រាកដ ដើម្បីងាយស្រួលរកការងារធ្វើ ជួយទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ ។
លោក គង់ ហួត
“ខ្ញុំបានត្រៀមលក្ខណៈរួចរាល់សម្រាប់ឱ្យកូនរៀនបន្ត ទោះត្រូវលក់គោ ក្របី ក៏សុខចិត្តឱ្យតែកូនចង់រៀន មានចំណេះដឹង និងមានអនាគតភ្លឺស្វាង”
ដោយឡែក លោកស្រី គល់ វរគុត្ត ជាគ្រូបង្រៀននៅខេត្តព្រះវិហារ ដែលក៏មានកូនស្រីម្នាក់ត្រូវប្រឡងបាក់ឌុបនៅឆ្នាំនេះដែរ បានមានប្រសាសន៍ថា កន្លងមកលោកស្រីតែងលើកទឹកចិត្តកូនឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ប្រឡងឱ្យជាប់ ដើម្បីរៀនបន្តនៅសាកលវិទ្យាល័យ ។

លោកស្រីថា កូនរបស់គាត់ខិតខំរៀនសូត្រ និងតែងជួយធ្វើកិច្ចការងារផ្ទះ ដោយមិនដែលបង្កបញ្ហាពិបាកដល់គ្រួសារនោះឡើយ ។
– លោកស្រី គល់ វរគុត្ត
“ខ្ញុំមិនដែលឱ្យកូនឈប់រៀននោះទេ តែងផ្ដល់ឱកាសឱ្យកូនរៀនសូត្រគ្រាប់គ្រាន់ មានចំណេះដឹង ជាពិសេសជូនពរកូនឱ្យប្រឡងជាប់ អាចបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់”
ចំពោះលោកស្រី ហ៊ុយ សុធា អ្នកម្ដាយដែលមានកូនត្រូវប្រឡងបាក់ឌុបខាងមុខនេះដែរ បានថ្លែងថា គាត់សង្ឃឹមថា កូនរបស់គាត់នឹងប្រឡងជាប់ ហើយក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនេះចប់ អ្នកស្រីលើកទឹកចិត្តកូនឱ្យបន្តរៀននៅសាកលវិទ្យាល័យ ស្របតាមមុខជំនាញដែលកូនពេញចិត្ត និងគ្មានការបង្ខិតបង្ខំឱ្យកូនរៀនតាមបំណងឪពុកម្ដាយនោះឡើយ ដោយអ្នកស្រីក៏បានត្រៀមរួចរាល់នូវថវិកា សម្ភារៈសិក្សា កន្លែងថ្នាក់នៅសម្រាប់កូនបន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យផងដែរ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១១៤ ១៨៣នាក់ ក្នុងនោះមានស្រីចំនួន ៦៣៩៧នាក់ ។ ក្រសួងអប់រំបានរៀបចំជាមណ្ឌលសំណេរចំនួន ២០៤មណ្ឌល និងបែងចែកជា ៤៦១៦បន្ទប់ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ កន្លងទៅមានបទពិសោធន៍ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឱ្យឯកសារ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។