ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាពព័ត៌មានអំពីដំណើរការជ្រើសរើស និងគ្រប់គ្រងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃព្រហស្បត្តិ៍ (២០ វិច្ឆិកា) ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើវិស័យអប់រំ ជាពិសេសគ្រូបង្រៀន ដោយនៅអាណត្តិទី៧នេះ ការជ្រើសរើសចំនួនក្របខណ្ឌ និងមន្រ្តីចូលបម្រើការងារនៅក្នុងវិស័យអប់រំ នៅតែទទួលបានចំនួននៃការជ្រើសរើសច្រើនជាងគេ បើប្រៀបទៅនឹងក្រសួងដ៏ទៃទៀត។
បើតាមប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ចាប់ពីដើមអាណត្តិមកដល់ពេលបច្ចុប្បន្ននេះ វិស័យអប់រំបានធ្វើការជ្រើសរើសមន្រ្តីបានប្រមាណ៥៣០១នាក់រួចមកហើយ ដែលក្នុងនោះរួមមានគ្រូកីឡា គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ គ្រូវិទ្យាល័យ ហើយចុងក្រោយនេះគឺគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារក្នុងគោលដៅចំនួន៥ខេត្ត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារថ្មីៗនេះ គឺមានគោលដៅសំខាន់បំផុត គឺឈានទៅបញ្ចប់ការបង្រៀនថ្នាក់ផ្គួប ដែលមានសិស្សច្រើនហួសកំណត់ ពិបាកក្នុងការសិក្សា និងដើម្បីជួយសម្រួលភាពនឿយហត់ របស់គ្រូបង្រៀនមួយចំនួន ដែលត្រូវបង្រៀនពីរវេន ព្រោះតែខ្វះគ្រូ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានរំលេច ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើគ្រូបង្រៀន ទាំងគ្រូបង្រៀនក្របខណ្ឌ គ្រូបង្រៀនកិច្ចសន្យា ក៏ដូចជាគ្រូផ្អែកលើកិច្ចសន្យាការងារ។ ការយកចិត្តទុកដាក់ទាំងនេះ បានចាប់ផ្តើមក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តដល់សម្តេចធិបតីក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលដូចជា ការគិតគូរទៅលើប្រាក់បៀរវត្សកាលនៅឆ្នាំ២០១៣ ដែលប្រាក់បៀរវត្សអប្បបរមា ត្រឹមតែ ៤សែនរៀល ហើយប្រាក់បៀរវត្សអតិបរមាគឺប្រមាណជា១លាន៧សែនរៀល តែមកដល់ឆ្នាំ២០២៤ ប្រាក់បៀរវត្សអប្បបរមាបានកើនដល់១លាន៤សែនរៀល និងមិនទាន់បានគិតប្រាក់បំណាច់មុខងារ ការតម្លើងឋានន្តរសក្ត័ មេដាយការងារ គួបផ្សំនឹងប្រាក់ឧបត្ថម្ភបន្ថែមក្នុងពេលបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ប.ស.ស. និង មូលនិធិគាំពារសង្គមផ្សេងៗទៀតនោះទេ។

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់បន្ថែមថា ការអភិវឌ្ឍ ក៏ដូចជាការយកចិត្តទុកដាក់ដាក់ទៅលើលោកគ្រូអ្នកគ្រូ វិស័យអប់រំបានបន្តវិវត្តន៍ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពោលគឺចាប់ពី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះសោះ» ដែលនេះជាបរិបទមួយឆ្លុះបញ្ចាំងទៅលើវិស័យអប់រំមកដល់ពេលបច្ចុប្បន្ននេះ គឺមានការវិវិត្តន៍៕






























