ដើម្បីជាការលើកកម្ពស់ដល់ការអប់រំបែបឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងបង្កើតបន្ទប់ឌីជីថល ក៏ដូចជាបណ្ណាល័យសតវត្សទី២១ នៅគ្រប់សាលារៀនទាំងអស់ ដើម្បីឱ្យសិស្ស ក៏ដូចជាលោកគ្រូអ្នកគ្រូធ្វើការស្រាវជ្រាវ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៅស្រុកកងមាស កាលពីពេលថ្មីៗនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា ការអប់រំឌីជីថល ត្បិតតែមានគុណវិប្បត្តិខ្លះ ប៉ុន្តែវាក៏មានគុណសម្បត្តិជាច្រើន ពិសេសគឺសន្សំសច្ចៃពេលវេលា ដូច្នេះជាគោលដៅ សាលាមួយត្រូវតែមានបន្ទប់ឌីជីថលមួយ ហើយត្រូវមានកុំព្យូទ័រមួយ និងត្រូវមានបណ្ណាល័យសវតវត្សទី២១ ។

“សាលាមួយត្រូវតែមានបន្ទប់ឌីជីថលមួយ ហើយត្រូវមានកុំព្យូទ័រមួយ បណ្ណាល័យ ត្រូវតែជាបណ្ណាល័យសវត្តវត្សទី២១ បណ្ណាល័យមានធនធានសិក្សា មានកុំព្យូទ័រ ហើយនឹងប្រមូលទាំងវីដេអូដាក់នៅកន្លែង លោកគ្រូអ្នកគ្រូចង់ដឹង ចង់កែលម្អការបង្រៀនរបស់ខ្លួន អាចទៅមើលវីដេអូហ្នឹង”
បើតាមប្រសាសន៍របស់ ឯកឧត្តមសភាចារ្យ ហង់ជួន ណារ៉ុន ដោយសារតែការវិឌ្ឍន៍នៃបច្ចេកវិទ្យាកាន់តែលឿន ក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្តោតទៅលើការបង្រៀន និងរៀនតាមបច្ចេកវិទ្យា ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត ដើម្បីបណ្តុះជំនាញវិស្វករ ដែលថ្ងៃក្រោយ គឺជាអ្នកសាងសង់ ជាអ្នកបង្កើតថ្មី ឆ្លើយតបទៅនឹងការបង្កើតគ្រឹះស្ថានទាក់ទាញអ្នកវិនិយោគឱ្យមកវិនិយោគនៅកម្ពុជា។
” កន្លែងនេះជាការបង្កើតថ្មី កសិកម្មធម្មតា ទៅជាកសិកម្មទំនើប ការកែច្នៃម្ហូបអាហារ… ទៅថ្ងៃក្រោយយើងនឹងបង្កើតជាឧស្សាហកម្មអេឡិចត្រូនិច បានន័យថា បង្កើតនូវឧស្សាហកម្មផលិតទូរស័ព្ទ ផលិតគ្រឿងចក្រជាដើម អញ្ចឹងទាមទារនូវអ្នកឯកទេស នូវវិស្វករ អញ្ចឹងការវិនិយោគទៅលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តនេះ គឺជាកត្តាសំខាន់…”
គួរបញ្ជាក់ដែរថា ចាប់ផ្តើមតាំងពីឆ្នាំ២០១៣មក ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្ស ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវអាទិភាពកំណែទម្រង់វិស័យអប់រំជាបន្តបន្ទាប់ ដោយមកដល់ពេលនេះ បានធ្វើឡើងចំនួន៣ដំណាក់កាល ដោយដំណាក់កាលទី១ បានធ្វើកំណែទម្រង់ទៅលើ ការពង្រឹងគុណភាពអប់រំ, ពង្រឹងការគ្រប់គ្រងបុគ្គលិក, ពង្រឹងការប្រឡង, ធ្វើកំណែទម្រង់ឧត្តមសិក្សា, អភិវឌ្ឍសម្រាប់យុវជននូវជំនាញបច្ចេកទេស និងជំនាញទន់, កំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុ, កំណែទម្រង់ការអប់រំកាយ និងកីឡា និង ការបង្កើតអង្គភាពស្រាវជ្រាវគោលនយោបាយវិស័យអប់រំ។

នៅដំណាក់កាលទី២ ពោលគឺនៅឆ្នាំ២០១៥ ក្រសួអប់រំ បានដាក់ចេញនូវការធ្វើកំណែទម្រង់សាលារៀន ដោយបានបង្កើតនូវគំរូកំណែទម្រង់ចំនួន២ គឺការបង្កើតសាលារៀនជំនាន់ថ្មី និងការគ្រប់គ្រងសាលាប្រកបដោយប្រសិទ្ធភាព ក្នុងនោះជាលទ្ធផល សាលារៀនចំនួន១០០ដែលក្រសួងបានជ្រើសរើសសម្រាប់កំណែទម្រង់ ស្ទើរទាំងអស់សម្រេចបាននូវស្តង់ដារសាលាមានប្រសិទ្ធភាព និងមានផលជះលើសាលាបណ្តាញជិត ៣០០ថែមទៀត។ ហើយសម្រាប់កំណែទម្រង់ដំណាក់កាលទី៣ ដែលក្រសួងបានប្រកាសកាលពីដើមខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងបានផ្តោតទៅលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ក្នុងនោះក៏មានផ្តោតទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន ភាពជាអ្នកដឹកនាំ និងជាអ្នកស្រាវជ្រាវផងដែរ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។