ភ្នំពេញ – ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងប្រារព្ធពិព័រណ៍រូបថត DMC ២០២១ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធឌីជីថល។
លោក ផន ភារិទ្ធ ជាគ្រូបង្រៀនមុខវិជ្ជាការថតរូបបែបសារព័ត៌មានក្នុងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ បានឱ្យដឹងថា ពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយនិស្សិតឆ្នាំទី ២ ជំនាន់ទី ១៩ ដើម្បីបង្ហាញស្នាដៃផលិតរូបថត ក្រោយពីពួកគេបានសិក្សាអំពីបច្ចេកទេសថតរូបអស់រយៈពេលមួយឆមាសរួចមក។

លោក ភារិទ្ធ (Miller) បន្ថែមថា ការអនុវត្តគឺមានសារៈសំខាន់សម្រាប់មុខវិជ្ជានេះ ហើយការបង្កើតឱ្យមានពិព័រណ៍រូបថត DMC នេះឡើង គឺដើម្បីឱ្យនិស្សិតមានឱកាសអនុវត្ត និងបញ្ចេញសមត្ថភាពរបស់និស្សិត ។ លោកថា ទោះបីជាស្នាដៃរបស់និស្សិតមិនសូវល្អដូចអ្នកថតរូបអាជីពក៏ដោយ ក៏អាចចាត់ទុកថាជាចំណុចចាប់ផ្ដើមដ៏ល្អរបស់ពួកគេក្នុងការបង្ហាញស្នាដៃផលិតកម្រងរូបថតជាលក្ខណៈស៊េរីទៅតាមប្រធានបទដែលពួកគេបានជ្រើសរើស និងជាប្រធានបទ ឆ្លុះបញ្ចាំងអំពីតថភាពសង្គមដ៏គួរឱ្យចាប់អារម្មណ៍។
លោក អ៊ុង ប៊ុនអ៊ី ប្រធានដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ បានបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលដេប៉ាតឺម៉ង់បានរៀបចំឱ្យមានពិព័រណ៍រូបថតនេះឡើង។ ដោយលើកទី១ ប្រព្រឹត្តនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៩ ចំណែកលើកទី២ និងទី៣នេះ ធ្វើតាមរយៈប្រព័ន្ធឌីជីថល ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
លោក អ៊ុង ប៊ុនអ៊ី
“ពិព័រណ៍រូបថតនេះ គឺជាការផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងរបស់និស្សិត ហើយវាក៏រួមចំណែកក្នុងការបញ្ជូនសារទៅកាន់មហាជនតាមរយៈរូបថតទាំងអស់ដើម្បីឱ្យមានការផ្លាស់ប្តូរបែបវិជ្ជមានក្នុងសង្គមផងដែរ”
កញ្ញា សៀន សុលឿក និស្សិត DMC ឆ្នាំទី២ និងជាផលិតករមួយរូប បាននិយាយថា ទោះបីជាសិក្សាតាមប្រព័ន្ធអនឡាញជួបផលវិបាកច្រើនក៏ដោយ ក៏ក្រុមនិស្សិតនៅតែមានគោលបំណងផលិតរូបថត និងរៀបចំពិព័រណ៍នេះឡើងដើម្បីបង្ហាញទៅដល់សាធារណៈជន និងទុកជាស្នាដៃប្រចាំជំនាន់របស់ពួកយើង។ កញ្ញាជឿជាក់ថា ពិព័រណ៍រូបថតលើកទី ៣ នេះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់សាធារណជន។
ពិព័រណ៍រូបថត DMC២០២១ នេះ នឹងត្រូវដាក់បង្ហាញតាមរយៈគេហទំព័រ www.dmcphotofest.com ទំព័រហ្វេសប៊ុក DMC Photo Festival និងទំព័រហ្វេសប៊ុករបស់ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។
លោក អ៊ុក ប៊ុនឡេង ជាសមាជិកស្នូលក្នុងការរៀបចំពិព័រណ៍រូបថត បានឱ្យដឹងថា រូបថតចំនួន ១៥៩ សន្លឹក ក្រោមប្រធានបទផ្សេងៗគ្នានឹងត្រូវដាក់តាំងបង្ហាញនៅលើគេហទំព័រផ្លូវការរបស់ពិព័រណ៍រូបថត DMC ។ លោក អ៊ុក ប៊ុនឡេង បន្ថែមថា «ក្នុងរយៈពេលបីថ្ងៃនោះដែរ ពួកយើងនឹងមានបង្ហាញកិច្ចសម្ភាសន៍ជាមួយនឹងផលិករមកពីក្រុមនីមួយៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងបន្ថែមអំពីស្នាដៃពួកគេ នៅលើទំព័រហ្វេសប៊ុករបស់ពិព័រណ៍រូបថត DMC ផងដែរ។ ក្រៅពីនេះ យើងនឹងមានផ្សាយនូវការពិភាក្សាគ្នារវាងលោកគ្រូ Miller និងអ្នកជំនាញផ្នែកច្បាប់អំពីការថត និងសិទ្ធផ្នែករូបភាព នៅលើទំព័រហ្វេសបុករបស់យើងផងដែរ។ »

គួរបញ្ជាក់ផងដែរថា ពិពរណ៍រូបថតលើកទីបីរបស់និស្សិត DMC ឆ្នាំនេះ នឹងផ្ដោតសំខាន់ទៅលើប្រធានបទចំនួន ៨ រួមមាន៖ ទី១. មរតកចុងក្រោយ ដែលបង្កើតឡើងក្នុងគោលបំណងបង្ហាញពីមរតកចម្លាក់ខ្មែរ ក៏ដូចជាសិល្បករដែលនៅពីក្រោយស្នាដៃនោះ។ ទី២.សិល្បៈដាប់ស្បែក បង្ហាញពីមរតកចម្លាក់ស្បែកដ៏មានតម្លៃរបស់ខ្មែរ ដែលជាបេតិកភណ្ឌជាតិព្រមទាំងដំណើរការផលិ៎តស្បែកតាំងពីដើមរហូតដល់ចប់។ ទី៣.កេរខ្មែរដំណែលកក់ បង្ហាញពីការធ្វើកន្ទេលកក់ពីមួយជំហានទៅមួយជំហានរហូតសម្រេចបានកន្ទេលកក់មួយ។ ទី៤. ត្នោតខ្មែរ ស្ករខ្មែរ បង្ហាញពីដំណើរការយ៉ាងលម្អិតនៃការផលិតស្ករត្នោត។
ដោយក្នុងនោះ ទី៥. ដំបូលប្រក់មេឃ បង្ហាញពីជីវិតពិតរបស់អ្នកធាក់ស៊ីក្លូវ័យចំណាស់ម្នាក់ដែលផ្ញើវាសនារបស់ខ្លួនលើយានកម្សត់នេះ ។ ទី៦.សម្ដីអ្នកនៅលើអេក្រង់ខ្ញុំ បង្ហាញពីសកម្មភាពនានាដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងតាមអ៊ីនធឺណេត និងផលប៉ះពាល់នៃទង្វើនេះ។ ទី៧. ក្រុមរបាំបុរសស្រលាញ់ភេទដូចគ្នា បង្ហាញពីទឹកចិត្តស្រលាញ់និងការថែរក្សាសិល្បៈបុរាណខ្មែរ ក្នុងនាមពួកគាត់ជាបុរសស្រលាញ់ភេទដូចគ្នា ដែលពួកគាត់បានឆ្លងកាត់ការលំបាកជាច្រើនក្នុងសង្គម និងទី៨. ទម្លាប់ថ្មីក្នុងបរិបទកូវីដ១៩ បង្ហាញពីការរស់នៅរបស់ប្រជាជនដែលអនុវត្តនូវវិធានការការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។