ភ្នំពេញ – នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) និងមូលនិធិអាស៊ី-អឺរ៉ុបសម្រាប់អ្នកដឹកនាំវ័យក្មេង បានរៀបចំ «កម្មវិធីដាំដើមឈើសាមគ្គី និងការគ្រប់គ្រងសំណល់ក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សារវាងយុវជនអាស៊ី-អឺរ៉ុប និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតិដោយ ឯកឧត្តមបណ្ឌិត អ៊ុ រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងយុវជនអាស៊ី-អឺរ៉ុប ចំនួន ៦០រូប កាលពីថ្ងៃអង្គារ៍ (៣០ វិច្ឆិកា)។
នៅក្នុងកម្មវិធីដាំដើមឈើសាមគ្គីនោះ មានកូនឈើចំនួន១៣ដើមត្រូវបានដាក់ដាំក្នុងបរិវេណវិទ្យាស្ថាន ក្នុងនោះ១២ដើមតំណាងឱ្យយុវជនអាស៊ី-អឺរ៉ុបចំនួន ១២រូបមកពី៨ប្រទេស និង១ដើមតំណាងឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងមូលនិធិអាស៊ី-អឺរ៉ុប ។ ពិធីនេះធ្វើឡើងជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីការប្រមូលនិងការគ្រប់គ្រងសំណល់តាមរយៈការដើរប្រមូលសំរាមក្នុងបរិវេណវិទ្យាស្ថាន និងការញែកសំណល់ជាក់ស្តែងទៅតាមប្រភេទ ព្រមទាំងសួរសំណួរទាក់ទងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ផងដែរ ។

លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ មានប្រសាសន៍ថា ដោយមានការចាត់តាំងពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកបានចូលរួម «វគ្គបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤» ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ ។ លើសពីនេះ ដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកបានរៀបចំសំណើគម្រោងស្តីពី «គ្រឹះស្ថានឧត្តមសិក្សាសម្រាប់ការឆ្លើយតបនឹងអាកាសធាតុតាមរយៈការគ្រប់គ្រងសំណល់និងការដាំដើមឈើ» ដែលជាផ្នែកមួយនៃសកម្មភាពឆ្លើយតបនឹងអាកាសធាតុ (SDG13)។
ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បញ្ជាក់បន្តថា កម្មវិធីដាំដើមឈើសាមគ្គី និងការគ្រប់គ្រងសំណល់ក្នុងបរិវេណគ្រឹះស្ថានឧត្តមសិក្សារវាងយុវជនអាស៊ី-អឺរ៉ុប និងវិទ្យាស្ថាន ITC បានបង្ហាញពីការចូលរួមរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការកសាងធនធានមនុស្ស ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងដល់សាធារណជន ជាពិសេសយុវជនសំដៅកែប្រែឥរិយាបថជាវិជ្ជមាន និងការទទួលខុសត្រូវចំពោះការប្រែប្រួលអាកាសធាតុ ដែលជាឱកាសសិក្សាស្វែងយល់ និងផ្សារភ្ជាប់យុវជនឱ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នាដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា វិទ្យាស្ថាន ITC កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចគាំពារបរិស្ថាន តាមរយៈការងារសិក្សាស្រាវជ្រាវ ការកសាងសមត្ថភាព ចំណេះដឹង ជាពិសេសការបណ្តុះបណ្តាលសីលធម៌ក្នុងការស្រលាញ់បរិស្ថាន ដើម្បីចូលរួមដោះស្រាយបញ្ហានានារួមមានការប្រែប្រួលអាកាសធាតុជាដើម។

អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បញ្ជាក់បន្តថា ក្រៅពីការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យបច្ចេកវិទ្យា វិទ្យាស្ថាន ITC ក៏មានចក្ខុវិស័យក្នុងការលើកកម្ពស់បរិស្ថាន កិច្ចសហការជាមួយស្ថាប័ននានា តាមរយៈការបង្កើតទីធ្លាបៃតង ហេដ្ឋារចនាសម្ព័ន្ធដែលមានមេត្រីភាពបរិស្ថាន និងធន់នឹងការប្រែប្រួលអាកាសធាតុ ។
គួរជម្រាបជូនថា កម្មវិធីដាំដើមឈើសាមគ្គីនៅបរិវេណវិទ្យាស្ថាន ITC ជាព្រឹត្តិការលើកទី២ បន្ទាប់ពីការដាំដើមឈើលើកទី១ នៅបរិវេណមុខប្រាសាទអង្គវត្តខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អាជ្ញាធរខេត្ត តំណាងស្ថានទូត និងយុវជនមួយចំនួន ២០០នាក់៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ កន្លងទៅមានបទពិសោធន៍ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឱ្យឯកសារ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។