ភ្នំពេញ – និយាយពីការសិក្សានៅសាកលវិទ្យាល័យ បច្ចុប្បន្នមានជំនាញជាច្រើនដែលសិស្សានុសិស្សអាចជ្រើសរើសរៀនបន្តការសិក្សារបស់ខ្លួន ។ ទន្ទឹមគ្នានេះ មានសិស្សមួយចំនួនមិនដឹងថា ខ្លួនឯងគួររៀនជំនាញមួយណាឱ្យសាកសមនិងចំណង់ចំណូលចិត្ត និងបុគ្គលិកលក្ខណៈរបស់ខ្លួននោះឡើយ ។ តើគួរតែរៀនជំនាញតាមគ្រួសារ មិត្តភក្ដិ ទីផ្សារការងារ ឬតាមក្ដីស្រឡាញ់របស់ខ្លួនឯង? កញ្ញា សេង រ័ត្នសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ បាននិយាយថា ជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តទើបទទួលបានលទ្ធផលសិក្សាល្អ ។

កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បាននិយាយថា វិធីរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវនៅសាកលវិទ្យាល័យ សិស្សត្រូវស្វែងរកខ្លួនឯងជាមុនសិនថា ខ្លួនស្រឡាញ់អ្វី? មានទេព្យកោសល្យផ្នែកអ្វី? តើចង់ចេះ ចង់ដឹង ចង់លឺរឿងអ្វីខ្លះ? ហើយម៉្យាងវិញទៀត នៅថ្ងៃអនាគតតើអ្នកចង់ធ្វើអ្វី ឬចង់ធ្វើការនៅកន្លែងណា?
កញ្ញា សេង រ័ត្នសេដ្ឋាមុនី
“យើងជាអ្នកកំណត់ជោគវាសនាខ្លួនឯង យើងជាអ្នកជ្រើសរើសជំនាញដែលយើងពេញចិត្ត ហើយយើងក៏ត្រូវមានទំនួលខុសត្រូវទៅលើជម្រើសរបស់យើងផងដែរ”
អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បានលើកឡើងថា ប្រសិនបើយើងចង់ជួយសង្គ្រោះជីវិតអ្នកដទៃយើងអាចធ្វើជាគ្រូពេទ្យ។ ជំនាញនេះសិស្សត្រូវដែលមានការប្ដេជ្ញាចិត្តខ្ពស់ ចង់ជួយសង្គ្រោះជីវិតអ្នកដទៃ និងមានការតស៊ូរៀនរយៈពេលច្រើនឆ្នាំ ។ លើសពីនេះប្រសិនចូលចិត្តបង្រៀនអ្នកដទៃ អាចធ្វើជាគ្រូបង្រៀន។ កញ្ញាបន្តទៀតថា មនុស្សគ្រប់គ្នាសុទ្ធតែអាចរៀនជំនាញនេះបាន ប៉ុន្តែប្រសិនបើសិស្សមានទេព្យកោសល្យ មានសមត្ថភាពពីកំណើតចូលចិត្តបង្រៀនអ្នកដទៃ ចែករំលែកចំណេះដឹង បណ្ដុះបណ្ដាលអ្នកដទៃ ជំនាញនេះគឺពិតជាសាកសម។

អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម កញ្ញា សេង រ័ត្នសេដ្ឋាមុនី បន្ថែមថា សិស្សានុសិស្សអាចស្រាវជ្រាវអំពីជំនាញរៀនបន្ថែមតាមរយៈប្រព័្ធអ៊ីនធឺណិត ដើម្បីដឹងពីជំនាញនីមួយៗ ។ សិស្សអាចសួរទៅកាន់ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ រាមច្បង ឬអ្នកដែលមានបទពិសោធន៍ឱ្យធ្វើការចែករំលែកជាមួយ។
តាមការបញ្ជាក់របស់ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ការជ្រើសរើសជំនាញនៅសាកលវិទ្យាល័យគឺជារឿងសំខាន់ដែលសិស្សានុសិស្សត្រូវស្គាល់ពីខ្លួនឯងឱ្យច្បាស់ បន្ទាប់មកធ្វើការស្រាវជ្រាវ និងស្ដាប់អ្នកដែលមានបទពិសោធ៍ ។ កញ្ញាបញ្ជាក់ថា ដំណាក់កាលចុងក្រោយសិស្សត្រូវត្រិះរិះពិចារណាបន្ថែមទៀត ហើយត្រូវជ្រើសរើសរៀនជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តទើបទទួលបានលទ្ធផលសិក្សាល្អ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។