ភ្នំពេញ – នៅក្នុងដំណាក់កាលរៀនពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញដោយសារឥទ្ធិពលកូវីដ-១៩ សិស្សានុសិស្សមួយចំនួនពិបាកផ្ដោតអារម្មណ៍យកចិត្តទុកដាក់មួយរយភាគរយក្នុងម៉ោងរៀន ហើយពេលខ្លះខ្វះមេរៀន ឬមិនបានធ្វើលំហាត់មួយចំនួនដែលគ្រូដាក់ឱ្យផងដែរ ។ ទន្ទឹមគ្នានេះ នៅពេលសិស្សានុសិស្សចូលរៀននៅក្នុងថ្នាក់វិញតែងមានអារម្មណ៍ថា មិនចេះមេរៀន ភ័យខ្លាចគ្រូប្រឡង ហើយមិនដឹងថាធ្វើម៉េចអាចផ្ដោតអារម្មណ៍រៀនវិញបាន ឬតាមទាន់មេរៀនវិញ ។

ទាក់ទងនឹងបញ្ហានេះ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ជាអតីតសិស្សនិទ្ទេស A កាលពីឆ្នាំ២០១៨ សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បាននិយាយថា ដើម្បីទទួលបានពិន្ទុល្អនៅក្នុងថ្នាក់ សិស្សត្រូវចេះរៀបចំមេរៀនសិក្សា ចេះរៀបចំកិច្ចការអាទិភាពប្រចាំថ្ងៃ និងរៀនជាក្រុមជាដើម ។
ទី១. ពិនិត្យមេរៀន និងលំហាត់ឡើងវិញ ៖ នៅពេលចូលរៀននៅក្នុងថ្នាក់ សិស្សត្រូវមានមេរៀន និងបំពេញមេរៀនដែលខ្វះចន្លោះឱ្យគ្រប់ ហើយព្យាយាមអានឱ្យយល់ផង ។ លើសពីនេះ លំហាត់វិញប្រសិនបើមានលំហាត់ណាដែលយើងមិនទាន់បានធ្វើ ហើយយើងត្រូវធ្វើ គឺយើងគួរតែព្យាយាមធ្វើឱ្យហើយ បន្ទាប់មកព្យាយាមយល់លំហាត់ទាំងនោះ ។ ដូចនេះ គ្រប់មេរៀន និងលំហាត់ដែលលោកគ្រូ អ្នកគ្រូដាក់ឱ្យ យើងចាំបាច់ត្រូវធ្វើឱ្យបានរួចរាល់ ហើយការយល់អំពីមេរៀន និងលំហាត់មានសារៈសំខាន់ជួយសិស្សឆាប់ចេះបានលឿន ។
ទី២. កំណត់គោលដៅ និងសរសេរ To Do List ៖ សិស្សានុសិស្សត្រូវចេះកំណត់គោលដៅ ព្រោះការកំណត់គោលដៅពិតជាមានសារៈសំខាន់នៅពេលយើងចូលទៅរៀននៅក្នុងថ្នាក់ ។ ឧទាហរណ៍ តើយើងចង់បានលេខប៉ុន្មាននៅក្នុងថ្នាក់ប្រចាំខែ ឬចង់បានពិន្ទុពេញលើមុខវិជ្ជាណាមួយ ឬមួយយើងចង់បាននិទ្ទេសអ្វី? លើសពីនេះ សិស្សានុសិស្សត្រូវមាន To Do List ដើម្បីជួយយើងឱ្យសម្រេចគោលដៅដែលយើងបានកំណត់ ។ ជាពិសេស ការសរសេរ To Do List ប្រចាំថ្ងៃ យើងត្រូវកំណត់ថា តើកិច្ចការណាដែលសំខាន់សម្រាប់យើង ហើយកិច្ចការណាដែលចាំបាច់ត្រូវបញ្ចប់មុនគេផងដែរ ។

ទី៣. រៀនជាមួយមិត្តភក្តិ៖ ការរក្សាគម្លាតដើម្បីសុវត្ថិភាពសុខភាពត្រូវគិតដដែល ប៉ុន្តែយើងអាចបង្កើតគ្រុបឆាតជាមួយមិត្តភក្តិរបស់យើង ដើម្បីរៀនជាមួយបាន ។ ឧទាហរណ៍ នៅពេលចូលទៅរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យវិញ ពួកយើងនៅតែមានគ្រុបឆាតដដែល ។ ព្រោះពេលលោកគ្រូ អ្នកគ្រូដាក់កិច្ចការស្រាវជ្រាវ ឬប្រមូលកិច្ចការ យើងក៏អាចប្រាប់គ្នា និងរំលឹកគ្នាទៅវិញទៅមកបាន ។
កញ្ញា សេង រ័ត្នសេដ្ឋាមុនី បញ្ញាក់បន្ថែមថា សិស្សានុសិស្សទាំងអស់ត្រូវជឿជាក់លើខ្លួនឯង ត្រូវគិតថាយើងអាចរៀនឆាប់យល់ ឆាប់ចេះបាន ប្រសិនបើយើងខិតខំរៀនឱ្យបានពូកែជាងមុន នៅពេលដែលចូលរៀននៅក្នុងថ្នាក់វិញបន្ទាប់ពីបានរៀននៅក្នុងថ្នាក់អនឡាញ អស់រយៈពេលជាយូរ ៕

កញ្ញា វ៉ាន គីមសល់ បញ្ចប់ការសិក្សាបរិញ្ញាបត្រអក្សរសាស្រ្ដខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ២០២១ ។ បច្ចុបន្នកញ្ញាជាអ្នករាយការណ៍ព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS Education ។