ភ្នំពេញ – យុទ្ធនាការ «៦០ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ដែលរៀបចំដោយក្រុមនិស្សិតគម្រោង Re-Five ក្នុងបំណងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ផ្តើមពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នោះ បានបិទបញ្ចប់ហើយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ដោយទទួលបានជោគជ័យយ៉ាងខ្លាំង។
លោក នូ វិរៈ អ្នកសម្របសម្រួលគម្រោងបានឱ្យដឹងថា យុទ្ធនាការរយៈពេល៦០ថ្ងៃនេះ ទទួលបានជោគជ័យ ដោយមានការចូលរួមពីហាងលក់ភេសជ្ជៈប្រមាណ ៤៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ៥៨០ ស្កេនដង ក្នុងយុទ្ធនាការកន្លងមកនេះ។

ទោះបីជាយុទ្ធនាការបានបិទបញ្ចប់យ៉ាងណាក្ដី ក៏ហាងភេសជ្ជៈមួយចំនួនជាដៃគូនៃយុទ្ធនាការ នៅតែបន្តសកម្មភាពបញ្ចុះតម្លៃបែបនេះក្នុងអាជីវកម្មរបស់ពួកគាត់ ដែលជាចំណែកមួយក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់លោក នូ វិរៈ។
បើតាមលោក វិរៈ ការបង្កើតយុទ្ធនាការនេះឡើយ គឺឈរលើគោលដៅធំៗចំនួនពីរ ដោយទីមួយផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមួយដងបោះចោល។ ទីពីរ លើកទឹកចិត្តដល់ហាងភេសជ្ជៈ និងភោជនីយដ្ឋានឱ្យមានការបញ្ចុះតម្លៃរាល់អតិថិជនប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬដបទឹកប្រើប្រាស់ឡើងវិញបាន សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជៈទាំងនោះ។
ក្នុងអំឡុងពេលយុទ្ធនាការ ៦០ថ្ងៃ ក្រុមគម្រោង Re-Five បានរៀបចំសកម្មភាពផ្សព្វផ្សាយជាច្រើនដូចជា ការផលិតគេហទំព័រ www.refivecambodia.com ការផលិតវីដេអូអប់រំ ផ្ទាំងផ្សព្វផ្សាយឌីជីថល (Digital Poster) កម្មវិធីប្រកួតប្រជែងថតរូប (Photo Competition) និងកម្មវិធីចាប់រង្វាន់ (Giveaway) នៅលើបណ្ដាញសង្គមដូចជា ហ្វេសបុក យូធូប Instagram និង TikTok ជាដើម។

សកម្មភាពទាំងនេះ ទទួលបានការគាំទ្រពីមហាជន ដោយក្នុងនោះអ្នកទស្សនាមាតិកាក្នុងគេហទំព័រ www.refivecambodia.com មានចំនួនរហូតដល់ជាង១ពាន់នាក់ តាមបណ្ដាញសង្គមហ្វេសបុកមានចំនួន១១០,៣១១ នាក់ បណ្ដាញសង្គម Tik Tok ចំនួន ៤៧,៣៧៧ ដង និង Instagram ចំនួន ១៦,៩៥៥ នាក់។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការ «៦០ ថ្ងៃ៖ កាន់ដបទឹកដើម្បីទទួលបានការបញ្ចុះតម្លៃ» ជាយុទ្ធនាការគាំទ្រដល់ «គម្រោងទប់ស្កាត់នឹងសំណល់ប្លាស្ទិកក្នុងសមុទ្រនៅកម្ពុជា» ក្រោមការគាំទ្រពីក្រសួងបរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រដ្ឋាភិបាលប្រទេសជប៉ុន និងអង្គការយូអិនឌីភីប្រចាំកម្ពុជា។ ហើយ Re-Five គឺជាគម្រោងឌីជីថលដែលផ្តួចផ្តើមដោយនិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាប និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយអនុវត្តគោលការណ៍ 5Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ កែច្នៃ និងរំឭកឡើងវិញ)៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។