ខណៈបញ្ញាសិប្បនិម្មិត (AI) កាន់តែមានសារៈសំខាន់ក្នុងជីវិតប្រចាំថ្ងៃ និងនៅក្នុងថ្នាក់រៀន ប្រទេសហ្វាំងឡង់កំពុងបំពាក់ជំនាញចាំបាច់នេះដល់គ្រូបង្រៀន និងសិស្សានុសិស្ស។
រដ្ឋមន្ត្រីក្រសួងអប់រំហ្វាំងឡង់ លោក Anders Adlercreutz បានលើកឡើងថា សង្គមត្រូវតែពង្រឹងអក្ខរកម្ម AI និងពង្រឹងការការពារ ប្រឆាំងនឹងព័ត៌មានមិនពិត ដោយចាប់ផ្ដើមពីថ្នាក់មត្តេយ្យសិក្សា។

លោកបន្តថា វាជារឿងសំខាន់ ក្នុងការបង្កើនសមត្ថភាពសម្រាប់កុមារ និងសិស្សានុសិស្ស ដើម្បីដឹងថា AI ជាអ្វី ក្នុងគោលដៅជួយឱ្យពួកគេអាចក្លាយជាអ្នកប្រើប្រាស់ ដែលមានទំនួលខុសត្រូវ។ លោកសង្កត់ធ្ងន់ថា អក្ខរកម្ម AI គឺមានភាពជាប់ទាក់ទងគ្នាខ្លាំង មានន័យថា វាអាចជួយមនុស្សឱ្យសម្គាល់ការពិត ក្នុងភាពមិនពិត ព្រមទាំងអាចនិយាយអំពីការយល់ដឹងទាក់ទងនឹងរបៀបដែល AI ដំណើរការ និងរបៀបដែលព័ត៌មានទាំងនោះ ត្រូវបានបង្កើតឡើង។
លោក Adlercreutz បានបញ្ជាក់ថា ហ្វាំងឡង់កំពុងព្យាយាមរក្សាតុល្យភាពរវាងពិភពឌីជីថល និងការរស់នៅក្នុងជីវិតជាក់ស្ដែង។ លោកបន្ថែមថា ហ្វាំងឡង់ កំពុងព្យាយាម ស្វែងរកវិធីទាញយកប្រយោជន៍ពីពិភពទាំង២នេះ ដើម្បីឱ្យអ្នកជំនាន់ក្រោយរបស់យើង ក្លាយជាពលរដ្ឋល្អ និងមានចំណេះដឹង។
លោកបានកត់សម្គាល់ថា ការគ្រប់គ្រងការចូលប្រើឌីជីថលគឺជាបច្ចេកទេសដ៏លំបាក ហើយតម្រូវឱ្យមានការទទួលខុសត្រូវកាន់តែច្រើនពីអ្នកបង្កើតវេទិកាបណ្ដាញសង្គម។

លោកបានបន្ថែមថា ប្រទេសជាច្រើននៅតែកំពុងតស៊ូ ដើម្បីបង្កើតកន្លែងសុវត្ថិភាពមួយ ដែលកុមារអាចរួមរស់ជាមួយពិភពឌីជីថលដោយមិនរងផលប៉ះពាល់។
គួរបញ្ជាក់ថា ខណៈពេលដែលប្រទេសជាច្រើន បានចាត់វិធានការ ដើម្បីគ្រប់គ្រងសកម្មភាពអនឡាញរបស់កុមារ។ ប្រទេសអូស្ត្រាលីក៏បានដាក់ចេញនូវការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកមានអាយុក្រោម ១៦ឆ្នាំចាប់ពីថ្ងៃទី១០ ខែធ្នូ ហើយប្រទេសម៉ាឡេស៊ីកំពុងពិចារណាលើវិធានការស្រដៀងគ្នានេះ។ ប្រទេសហ្វាំងឡង់ក៏កំពុងចូលរួមក្នុងការជជែកពិភាក្សាថ្នាក់ជាតិរបស់ខ្លួនផងដែរ៕































