ភ្នំពេញ – ប្រសិនបើកកូនរបស់លោកអ្នកមានអកប្បកិរិយាស្លូតបូត ស្ងៀមស្ងាត់ ដំណើរនៃឬកពារមិនសូវប្រញាប់ប្រញាល់ ហើយនៅពេលធ្វើការស្តីបន្ទោស ភាគច្រើនគេមិនសូវតវ៉ាច្រើន នោះគឺបញ្ជាក់ថា កូនរបស់លោកអ្នកមានចរិតប្រភេទនឹងធឹង (Steadiness) ឬចរិតប្រភេទ S ក្នុងចំណោមចរិតទាំង៤ DISC ។ បើតាមអ្នកជំនាញ កុមារដែលមានចរិតប្រភេទនេះ ត្បិតតែពួកគេមិនសូវតវ៉ា ក៏មិនប្រាកដថា គេយល់ស្របនោះឡើយ ដូច្នេះឪពុកម្តាយគួរតែរៀនយល់ពីពួកគេឱ្យបានច្រើន។
អ្នកស្រី យូ បូរី អ្នកជំនាញផ្នែកធនធានមនុស្ស និងជាស្ថាបនិកក្រុមហ៊ុន TEDP បានលើកឡើងថា មនុស្សប្រភេទនឹងធឹង ឬជាប្រភេទមនុស្សអក្សរ S ពួកគេតែងតែធ្វើអ្វីតាមឪពុកម្តាយ ពួកគេចូលចិត្តស្នាក់នៅផ្ទះ ហើយបរិយាកាសដែលពួកគេចូលចិត្តខ្លាំង គឺទីកន្លែងដែលមានសុវត្ថិភាព ហើយជាទូទៅពួកគេមិនចូលចិត្តផ្លាស់ប្តូរទេ ។ ដូច្នេះការផ្លាស់ប្តូរសាលារៀនញឹកញាប់មិនមែនជាជម្រើសល្អសម្រាប់កូនប្រភេទនេះឡើយ ដោយវាអាចធ្វើប៉ះពាល់អារម្មណ៍របស់ពួកគេ ។
ស្ថានភាពដែលកាន់តែអាក្រក់ទៀតនោះ គឺការផ្លាស់ប្តូរកម្មវិធីសិក្សាដោយមិនសាកសួរ ឬមិនពិភាក្សាជាមួយពួកគេជាមុន, មិនត្រឹមតែផ្លាស់ប្តូរការសិក្សានោះទេសូម្បីតែការផ្លាស់ប្តូរទីលំនៅ ឬសកម្មភាពនានាផេ្សងទៀត ក៏ត្រូវឱ្យកូនបានដឹងជាមុនដែរ ដើម្បីឱ្យពួកគេបានត្រៀមចិត្តត្រៀមកាយ ។ បើសិនជាឪពុកម្តាយមិនបានផ្តល់ព័ត៌មានជាមុនទៅកាន់ពួកគេជាមុនទេ ពួកគេនឹងមានអារម្មណ៍ពោរពេញដោយមន្ទិលសង្ស័យ ដូច្នេះត្រូវចងចាំថា រាល់ការផ្លាស់ប្តូរការរស់នៅ ឬស្ថានភាពណាមួយឆាប់រហ័យពេក មិនមែនជាទីប្រាថ្នារបស់មនុស្សប្រភេទនឹងធឹង ឬមនុស្សប្រភេទអក្សរ S នេះទេ ដោយវាធ្វើឱ្យពួកគេមានអារម្មណ៍ឯកោ មិនសប្បាយចិត្ត និងមានអារម្មណ៍ថា អសន្តិសុខផ្នែកផ្លូវចិត្តជាទម្ងន់ ។

អ្នកជំនាញក៏បានបញ្ជាក់ដែរថា ការបាត់បង់សុវត្ថិភាព គឺជាអ្វីដែលមនុស្សប្រភេទនេះបារម្ភខ្លាចបំផុត ហើយនៅពេលដែលស្ថិតនៅក្នុងស្ថានភាពមួយដែលមានសម្ពាធ គេនឹងស្ងាត់តែម្តង ដូចជានៅពេលដែលមានមនុស្សស្ដីបន្ទោស ពួកគេនឹងក្លាយជាមនុស្សដែលមើលទៅស្លូតបំផុត មិនមានសកម្មភាពតបតអ្វីឡើយ គឺក្លាយជាអ្នកស្ដាប់សុទ្ធសាទតែម្ដង ។ ប៉ុន្តែឪពុកម្តាយ ក៏ត្រូវដឹងដែរថា ចំណុចនេះពួកគេមិនបានទទួលយកដោយសប្បាយចិត្តឡើយ ខណៈនោះក្នុងចិត្តរបស់គេអាចនឹងគិតរឿងអ្វីមួយ ។
អ្នកស្រី យូ បូរី ក៏បានរំលេចដែរថា ដូច្នេះឪពុកម្តាយនៅពេលដែលឃើញកូនស្ងាត់ សូមកុំគិតឱ្យសោះថា ខ្លួនទទួលបានជ័យជម្នះ ឬកូននឹងទទួលយកគំនិតរបស់ខ្លួន ។ អាណាព្យាបាលត្រូវដឹងថា ពេលនេះ កូនគឺកំពុងមានវិបត្តិដោយមានអារម្មណ៍មិនល្អលេចឡើង ប្រការនេះវាមិនមែនជាបរិយាកាសល្អទៀតទេសម្រាប់ពួកគេ និងសម្រាប់គ្រួសារទាំងមូល ។ ដូច្នេះអ្វីដែលអាចធ្វើបានដើម្បីទាញស្ថានភាពនេះឱ្យប្រសើរឡើងវិញ គឺចាប់ផ្តើមនិយាយពីចំណុចល្អរបស់កូន ប៉ុន្តែត្រូវប្រាកដថាមិនមែនសរសើរតាមបែបបញ្ជោរនោះទេ ។ ការនិយាយពីចំណុចល្អគឺលើកនូវអ្វីដែលជាសកម្មភាពជាក់ស្ដែង ដូចជាសកម្មភាពវិជ្ជមានដែលកូនធ្លាប់ធ្វើពីមុនមក ការបង្កើតស្នាដៃអ្វីមួយដោយសមត្ថភាពពួកគេផ្ទាល់ និងធ្វើយ៉ាងណាបង្ហាញឱ្យពួកគេបានឃើញថា ខ្លួនគេផ្ទាល់ជាមនុស្សដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។

អ្នកជំនាញបន្ថែមថា ដើម្បីចូលរួមជំរុញកូនដែលមានអកប្បកិរិយាស្ងៀមស្ងាត់ឱ្យគេចចេញពីចំណុចខ្សោយ និងមានការអភិវឌ្ឍបានលឿន គឺឪពុកម្តាយ ឬអាណាព្យាបាលត្រូវលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគេនិយាយឱ្យបានច្រើន ជំរុញឱ្យគេរៀនឯករាជភាពក្នុងការសម្រេចចិត្តដោយខ្លួនឯងឱ្យបានច្រើន ។ បង្រៀនឱ្យគេហ៊ាននិយាយបកស្រាយតបតឱ្យបានច្រើនពេលមាននរណាម្នាក់ពិព័ណ៌នាអំពីអ្វីមួយទាំងដែលវាមិនមែនជាការពិត, បំផុសឱ្យមានការចូលរួមក្នុងសកម្មភាពនានាដូចជាការបញ្ចេញមតិយោបល់ជាដើម៕

អ្នករាយការណ៍ព័ត៌មាន។