កូន ឬកុមារតូចប្រហែលជាអាចសង្កេត ឬធ្វើត្រាប់តាមនូវសកម្មភាពទាំងឡាយដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំបានធ្វើនៅពេលដែលពួកគាត់មានភាពតានតឹងចិត្ដ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំគួរជួយកូន ឬកុមារដោយប្រើប្រាស់វិធីទាំងឡាយណាដែលមានអត្ថប្រយោជន៍ចំពោះពួកគេ ក្នុងនោះ បើយោងតាមសៀវភៅ «ការចិញ្ចឹមកូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារី បានណែនាំនូវវិធីចំនួន៤ សម្រាប់ឪពុកម្តាយ ឬអាណាព្យាបាល ក្នុងការជួយកូនៗដោះស្រាយនូវភាពតានតឹង។
១.សម្រាប់កុមារដែលមានអាយុចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ ៖ ឪពុកម្តាយគួរតែឱបកូនឱ្យបានច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ និងការបារម្ភទៅកាន់ពួកគេ ។ ក្នុងនោះការផ្តល់តុក្កតា ឬរបស់លេងណាដែលពួកគេចូលចិត្ត ក៏ជាវិធីសាស្រ្តជួយឱ្យកុមារមានអារម្មណ៍កក់ក្ដៅ និងមានសុវត្ថិភាពផ្នែកផ្លូវចិត្តយ៉ាងប្រសើរផងដែរ ។ មួយវិញទៀត ការផ្លុំ និងបន្ធូរប៉ោងប៉ោងចំពោះមុខកូនតូចៗ ឬកុមារដែលមានអាយុធំ អាចជាចំណុចមួយជួយឱ្យពួកគេដកដង្ហើមវែងៗ ជំនួយឱ្យការតាំងសមាធិបានមួយផ្នែកដែរ ។

ការចំណាយពេលនៅក្បែរ និងលេងជាមួយកូនក៏ជាចំណុចសំខាន់ដែរ ហើយទន្ទឹមគ្នានោះ ឪពុកម្តាយ ឬអាណាព្យាបាលគួរឆ្លៀតពេលនាំកូនលេងល្បែងណាដែលអាចឱ្យកូនមានឱកាសបញ្ចេញអារម្មណ៍ ដូចជាគូរគំនូរ ផាត់ពណ៌ តុក្កតា ហើយលើកទឹកចិត្តកូនឱ្យនិយាយពីអារម្មណ៍ដែលពួកគាត់កំពុងតែលាក់ទុកនៅក្នុងចិត្ត។ ម្យ៉ាងវិញទៀតការនិទានរឿងឱ្យកូន ឬកុមារស្ដាប់ ដោយរឿងនោះអាចប្រហាក់ប្រហែលទៅនឹងរឿងរបស់ពួកគេ ហើយពិភាក្សាជាមួយកូនពីតួអង្គក្នុងសាច់រឿងនោះ វាក៏ជាកត្តានាំឱ្យភាពស្និតស្នាលរវាងអាណាព្យាបាល និងកូនកាន់តែល្អបន្ថែមមួយកម្រិតទៀតផងដែរ ។ លើសពីនោះ ការប្រាប់កូនឱ្យច្បាស់ថា អ្វីៗដែលកើតមានឡើងមិនមែនជាកំហុសរបស់ពួកគេ គឺជាតួនាទីរបស់ឪពុកម្តាយ ព្រោះកូន ឬកុមារមួយចំនួនតែងបន្ទោសខ្លួនឯង ហើយអាចគិតថា ជម្លោះឪពុកម្តាយ អាចមកពីកំហុសរបស់កូនដែលជាដើមហេតុទៀតផង ។ កុមារចន្លោះពី ០ឆ្នាំ ដល់ ១២ឆ្នាំ ពិតជាត្រូវការឱ្យឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ជាមនុស្សដែលមានចិត្តស្ងប់ក្នុងការប្រឈមជាមួយស្ថានភាពតានតឹងចិត្ត ឬកំហឹងរបស់កូន។
២.កុមារដែលមានអាយុចន្លោះពី ១៣ ដល់ក្រោម ១៨ឆ្នាំ ៖ អ្វីដែលអាណាព្យាបាលអាចធ្វើបានចំពោះកូននៅវ័យនេះ គឺ កាត់បន្ថយសកម្មភាពមួយចំនួនដែលកូនកំពុងធ្វើ បើសិនជាអាចធ្វើបាន, ជាពិសេសសកម្មភាពដែលប៉ះពាល់ដល់ការផ្តោតអារម្មណ៍ ព្រោះក្មេងវ័យនេះឆាប់ឆេវឆាវណាស់ ដូច្នេះឪពុកម្តាយត្រូវ ទទួលស្គាល់អារម្មណ៍ដែលកូនមាន ហើយពន្យល់កូនឱ្យយល់ពីស្ថានភាពដែលកំពុងតែតានតឹងនោះ។ មួយវិញទៀតការស្តាប់កូននិយាយដោយមិនវិនិច្ឆ័យ អាចជួយពួកគេឱ្យនិយាយពីបញ្ហាដែលនាំឱ្យមានភាពតានតឹងចិត្តទាំងឡាយ ។ អាណព្យាបាលត្រូវអនុញ្ញាតឱ្យកូនយំ ឬស្រែកនៅកន្លែងដែលមានសុវត្ថិភាព ឬក្នុងបន្ទប់ ប្រសិនបើពួកគេចង់ធ្វើ។ ការបង្រៀនកូនឱ្យចេះដោះស្រាយភាពតានតឹងចិត្តបែបវិជ្ជមាន ដោយជ្រើសរើសនូវសកម្មភាពដូចជា លេងកីឡា ដាំផ្កា ងូតទឹក ស្តាប់ចំរៀង ។ល។ គឺជារឿងដ៏ប្រសើរ ហើយឪពុកម្តាយទៀតសោធ ត្រូវធ្វើជាគំរូដល់កូន ក្នុងការដោះស្រាយជាមួយភាពតានតឹងចិត្ត ។

ឪពុកម្តាយត្រូវបង្កើនទំនុកចិត្តដល់កូន ទោះបីជាពួកគេកំពុងតែស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ហើយវិធីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងចំពោះកូន គឺពេលដែលពួកគេធ្វើមិនគប្បីត្រង់ចំណុចណាមួយ ។ សូមបន្ទោសតែលើការប្រព្រឹត្តបានហើយ តែកុំបន្ទោសកូន ។ ឧទាហរណ៍ “ការដែលនិយាយកុហក” “ការយករបស់អ្នកដទៃដោយមិនមានការអនុញ្ញាត មិនមែនជាអាកប្បកិរិយាល្អទេ ហើយក៏ជាអាកប្បកិរិយាដែលគេមិនអាចទទួលយកបានដែរ។ អនុញ្ញាតឱ្យកូនមានឱកាសសាកល្បង ដើម្បីជួយឱ្យគេបានរៀន និងស្វែងយល់នូវផលវិបាកពីសកម្មភាពនោះ។ ឧទាហរណ៍ កូនមិនមើលមេរៀន ឬធ្វើកិច្ចការសាលា នាំឱ្យកូនទទួលបានពិន្ទុមិនល្អ ឬធ្លាក់។ ជាចំណុចសំខាន់ដែលឪពុកម្តាយមិនអាចមើលរំលង គឺការពន្យល់កូនឱ្យយល់ពីទំនាក់ទំនងរវាង “អំពើ និងផល” (ធ្វើអ្វីនឹងទទួលបានផលនោះ)។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំគួរលើកទឹកចិត្តឱ្យកូន ឬកុមារគិតពីអ្វីដែលគេអាចធ្វើបាន កុំឱ្យប្រព្រឹត្តនូវសកម្មភាពមិនល្អដូចពេលមុនៗទៀត ។ ចំណុចបន្ថែមគឺការដាក់គោលដៅណាដែលកូនអាចសម្រេចបាន និងពិភាក្សាពីគោលដៅនោះ ហើយត្រូវ ប្រាកដថាកូន ឬកុមារយល់ពីគោលដៅនេះ។ ផ្តល់ការលើកទឹកចិត្តដល់កូន និងចំណាយពេលស្តាប់ ឬសង្កេតពីអ្វីដែលកូនសម្រេចបាន។ ទង្វើបែបនេះធ្វើឱ្យកូន មានអារម្មណ៍ថាខ្លួនគេមានតម្លៃ ។
៣.រក្សារបៀបរស់នៅដែលល្អ ៖ អាណាព្យាបាលត្រូវផ្ដល់នូវរបបអាហារ (អាហារ ៣ក្រុម) ការសម្រាក និងការគេងឱ្យបានត្រឹមត្រូវដល់កូន ឬកុមារ។ មួយទៀត ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំ ត្រូវទុកឱកាសឱ្យកូន បានលេងសប្បាយ និងលំហែផងដែរ។ ចំពោះកូនវ័យជំទង់គួរផ្តល់ពេលវេលាសម្រាប់ពួកគេ ក្នុងការជួបជាមួយមិត្តភក្តិ ដើម្បីពិភាក្សាពីការងារនៅសាលា ឬបញ្ហាសង្គមនានា។
៤.អនុញ្ញាតឱ្យកុមារចូលរួមក្នុងការសម្រេចចិត្តដោះស្រាយ ៖ វាមានសារៈសំខាន់ណាស់ដែលឪពុកម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ បង្កើត ឱ្យមានការពិភាក្សាដោយបំផុសគំនិត និងការចូលរួមយ៉ាងសកម្មពីកូន ឬកុមារ។ ឧទាហរណ៍ ឱ្យកុមារលើកយកមធ្យោបាយមួយចំនួនដែលធ្វើឱ្យគេមានអារម្មណ៍បាន ប្រសើរ ហើយពិភាក្សានូវជម្រើសនោះ៕

អ្នករាយការណ៍ព័ត៌មាន។