ភ្នំពេញ៖ ស្ថានភាពអូសបន្លាយនៃវិបត្តិដែលកើតចេញពីជំងឺ កូវីដ-១៩ នាពេលថ្មីៗនេះ ត្រូវបានគេជឿថាបានជះឥទ្ធិពលយ៉ាងច្រើនដល់ជីវិតយុវវ័យ។ ក្នុងស្ថានភាពនេះ ពួកគេត្រូវប្រឈមជាមួយនឹងបញ្ហាជាច្រើនដូចជាការបាត់បង់ឱកាសរីករាយក្នុងជីវិតបែបយុវវ័យ ការខកខានមិនបានចូលរួមសកម្មភាពផ្សេងៗ ការបិទសាលារៀន និងការលុបចោលព្រឹត្តិការណ៍អប់រំនានាជាដើម។
យុវតី សឿន ពិសី ជាសិស្សរៀនថ្នាក់ទី១២ នៃសាលាវិទ្យាល័យបាក់ទូកបានប្រាប់ AMS ដោយទឹកមុខព្រួយបារម្មណ៍ថា តាំងពីកើតមានជំងឺដ៏សាហាវនេះមក គាត់ពិតជាពិបាកខ្លាំងណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ។ យុវតីខាងលើបញ្ចាក់ថា គាត់មិនបានទៅសាលារៀនជួបជុំមិត្តភក្តិ ខណៈសកម្មភាពជាច្រើនផ្សេងទៀតត្រូវបានផ្អាក។
យុវតីរូបនេះបានបន្តថា ស្ថិតក្នុងកាលៈទេសៈនេះ គាត់ត្រូវសិក្សាពីចម្ងាយ។ ការសិក្សាបែបនេះបានបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួន ដោយសារតែគាត់មិនអាចផ្តោតអារម្មណ៍បានល្អដូចសិក្សានៅក្នុងថ្នាក់។ បន្ថែមពីលើនោះ អ្វីដែលធ្វើឱ្យគាត់មានអារម្មណ៍ថាស្មុគស្មាញ គឺអារម្មណ៍តប់ប្រម៉ល់ មិនហ៊ានចេញទៅក្រៅ និងបាត់បង់ឱកាសជាច្រើនដូចជាការចូលរួមសកម្មភាពស្ម័គ្រចិត្ត ការចូលរួមកម្មវិធីសង្គម និងឱកាសជាច្រើនផ្សេងទៀត។
ទន្ទឹមនឹងគ្នានេះដែរ យុវសិស្ស សាន បូរិន ជាសិស្សថ្នាក់ទី១១នៃវិទ្យាល័យស៊ីសុវត្ថិ បានបញ្ជាក់ផងដែរថា៖ “ខ្ញុំធ្លាប់តែនៅសាលាជួបជុំមិត្តភក្តិ មានសកម្មភាពរៀន ដើរលេងកំសាន្ត និងចូលរួមព្រឹត្តិការណ៍នានា ប៉ុន្តែគ្រប់យ៉ាងត្រូវខកខានទាំងអស់នៅពេលនេះ”។
យុវសិស្សរូបនេះបន្តថា ពេលខ្លះក៏ពិបាកចិត្ត ប៉ុន្តែពេលខ្លះក៏រីករាយពីព្រោះវាជាបទពិសោធន៍ថ្មីមួយសម្រាប់បូរិនដែលអាចយកពេលវេលាទាំងនោះ ធ្វើអ្វីដែលខ្លួនឯងចូលចិត្ត ដូចជាការគូសគំនូរ ការហាត់ចម្រៀង និងការលេងកីឡាជាដើម។ ម៉្យាងវិញទៀត បូរិនក៏អរគុណដល់ឪពុកម្ដាយរបស់ខ្លួនដែលបានប្រើប្រាស់ពេលវេលាជាច្រើនដើម្បីបង្កើនភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់ ដោយមិនទុកឱ្យគាត់មានអារម្មណ៍ថាឯកការនោះទេ នៅក្នុងដំណាក់កាលដ៏ពិបាកមួយនេះ។
អ្នកស្រី សន្យា នីតា ជាអ្នកជំនាញផ្លូវចិត្តនៅមន្ទីរពេទ្យឯកជនមួយកន្លែងបានលើកឡើងថា ក្មេងជំទង់មួយចំនួនជួបប្រទះនឹងការខកចិត្តដោយសារតែផលប៉ះពាល់នៃវីរុសកូរ៉ូណា ហេតុនេះនៅក្នុងកាលៈទេសៈបែបនេះក្មេងៗវ័យជំទុង គួរតែរកវីធីសាស្រ្តធ្វើសកម្មភាពល្អៗ ជំនួសឱ្យការស្មុគស្មាញរបស់ពួកគេ។ ពួកគេអាចមើលភាពយន្ត មើលវីដេអូអប់រំកំសាន្ត អានសៀវភៅដែលពួកគេចូលចិត្ត ធ្វើលំហាត់ប្រាណ និងរក្សាអារម្មណ៍ឱ្យបាននឹងនរក្នុងការរស់នៅប្រចាំថ្ងៃ។ អ្នកស្រី នីតា បានបន្ថែមទៀតថា ដោយសារតែអារម្មណ៍ក្មេងជំទង់មានភាពមានៈ និងមានការផ្លាស់ប្ដូរញឹកញាប់ ឳពុកម្ដាយគួរព្យាយាមមើលថែរក្សា ព្រមទាំងយកចិត្តទុកដាក់លើពួកគេឱ្យបានច្រើន។ ស្ថិតក្នុងដំណាក់កាលលំបាកនេះ អាណាព្យាបាលគួរគាំទ្រ លើកទឹកចិត្ត និងបើកចិត្តពិភាក្សាអំពីបញ្ហាដែលពួកគេបានជួបប្រទះ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។