ភ្នំពេញ៖ ដំណាក់កាលនៃការបិទខ្ទប់ (Lockdown) នៅរាជធានីភ្នំពេញ និងក្រុងតាមខ្មៅខេត្តកណ្ដាលកំពុងអូសបន្លាយនៅពេលនេះ បណ្ដាលឱ្យប្រជាពលរដ្ឋក្រីក្រមួយចំនួនជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ អាជ្ញាធរមូលដ្ឋានបានខ្នះខ្នៃងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់តាមតំបន់ដល់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងសកម្មភាពចែករំលែកធនធានជាស្បៀងអាហារពីបណ្តាអ្នកមានទឹកចិត្តនិងជីវភាពធូរធារមួយចំនួនផងដែរ។ ការចែករំលែកអំណោយទាននៅពេលនេះ ជាទង្វើបង្ហាញពីតម្លៃនៃក្តីស្រឡាញ់ ការជួយយកអាសារគ្នាទៅវិញទៅមក និងបង្ហាញពីសីលធម៌រស់នៅដោយសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។
ធ្លាប់បានផ្តល់អំណោយទានស្បៀងអាហារដល់កម្មករសំណង់ អ្នកលក់តាមដងផ្លូវ លោកតាស៊ីក្លូ និងជនមានពិការភាពក្នុងដំណាក់កាលនៃការបិទខ្ទប់នេះ កញ្ញា ប៉ុន ថាវៈអឆ្ឆរា ជាស្ថាបនិកនៃក្រុមហ៊ុនមួយ បាននិយាយថា ដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្រីក្រជួបការលំបាកខ្លាំង។ កញ្ញាកំពុងរៀបចំកម្មវិធីកៀងគរថវិកាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដើម្បីប្រមូលទិញស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រទាំងនោះ។
កញ្ញា ប៉ុន ថាវៈអឆ្ឆរា
“ខ្ញុំឃើញបងប្អូនដែលខ្វះខាតស្បៀងនិងម្ហូបអាហារនៅក្នុងពេលនេះ ពួកគាត់មានទឹកមុខរីករាយ ពេលពួកយើងបានចែករំលែកក្តីស្រឡាញ់ទៅកាន់ពួកគាត់ ! ខ្ញុំជឿថាអំពីល្អដែលធ្វើចេញពីទឹកចិត្តរបស់យើងទោះតិចក្ដី ឬច្រើនក្ដី វាជាការបរិច្ចាគដោយក្ដីស្រឡាញ់ទៅដល់មនុស្សដែលត្រូវការពិតប្រាកដ។ យើងកំពុងជួយសង្គមជាតិយើងឱ្យបានប្រសើរទាំងអស់គ្នា”
តាមទម្លាប់ថ្ងៃបុណ្យវិសាខបូជា គ្រួសារខ្មែរភាគច្រើនតែងទៅធ្វើបុណ្យដាក់ទាននៅតាមទីអារាមនានា។ ប៉ុន្តែក្នុងដំណាក់កាលកូវីដ-១៩ កំពុងរីករាលដាលនេះ សកម្មភាពចែករំលែកក្តីស្រឡាញ់តាមរយៈការផ្តល់ស្បៀងអាហារជាទានតែងកើតមានជាបន្តបន្ទាប់។ គ្រួសារលោក សី លីហ៊ាង រស់នៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានធ្វើកម្មវិធីសប្បុរសធម៌ចែករំលែកធនធានដល់ប្រជាពលរដ្ឋ ១០០គ្រួសារ មានអង្ករ១០ គីឡូក្រាម មី អំបិល ទឹកស៊ីអ៊ីវ និងទឹកត្រី យល់ឃើញថា ដំណាក់កាលជួបការលំបាកដោយសារឥទ្ធិពលកូវីដ-១៩ ជាពេលវេលាដែលត្រូវជួយគ្នាទៅវិញទៅតាមលទ្ធភាព។
លោក សី លីហ៊ាង
“ខ្ញុំនិងគ្រួសារពិតជាសប្បាយរីករាយពេលបានជួយពួកគាត់នៅក្នុងពេលនេះ ! ខ្ញុំឃើញពួកគាត់ជួបការលំបាកខ្លាំង ហើយនេះជាសាធារណទានមួយដែលកើតចេញពីទឹកចិត្តជ្រះថ្លា ដែលយើងអាចធ្វើបានតាមលទ្ធភាពក្នុងស្មារតីខ្មែរជួយខ្មែរ ហើយខ្ញុំនៅតែបន្តជួយទៀតតាមលទ្ធភាព”
គួរបញ្ជាក់ផងដែរថា នៅក្នុងកាលទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ-១៩ មួយនេះ នៅលើតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋខ្មែរជាច្រើនបានចែករំលែកធនធានមានស្បៀងអាហារ ឬថវិកាដល់អ្នកខ្វះខាត ក្នុងន័យជួយទៅគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ហើយសកម្មភាពទាំងនោះក៏គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។